Ezekiel Intro pdf download
អេសេគាល Ezekiel
សារៈសំខាន់នៃកណ្ឌអេសេគាល Importance of Ezekiel
កណ្ឌអេសេគាលមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះកណ្ឌនេះបានប្រកាសព្រះរាជសារជាច្រើន ដែលមានសារៈសំខាន់ខ្លាំង សំរាប់ព្រះគម្ពីរសញ្ញាថ្មី និងការអភិវឌ្ឍន៍សេចក្តីបង្រៀនរបស់ព្រះគម្ពីរអំពីព្រះវិហារ។
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យអេសេគាលនិងខ្លឹមសារនៃប្រសាសន៍របស់អេសេគាល Historical background to Ezekiel and basic message
- អេសេគាលគឺជាបុរសវ័យក្មេង ដែលជាសង្ឃម្នាក់ (បូជាចារ្យ) ដែលបានរៀបការ និងរស់នៅក្នុងទីក្រុងយេរូសាឡិម។ កងទ័ពបាប៊ីឡូនរបស់ស្តេចនេប៊ូក្នេសាបានចាប់យកទីក្រុងយេរូសាឡិមនៅក្នុងឆ្នាំ៥៩៧មុនគ.ស។ ពួកគេបានចាប់យកទីក្រុង ហើយបានប្លន់យកទ្រព្យសម្បត្តិពីព្រះវិហារ។ អេសេគាលក៏ត្រូវបានចាប់ឲ្យធ្វើជាឈ្លើយសឹកជាមួយប្រជាជន ពីទីក្រុងយេរូសាឡិមជាច្រើននាក់ផងដែរ។ ស្តេចយេហូយ៉ាគីន ទាហាន១០០០០នាក់របស់ទ្រង់ ពួកមនុស្សមានជំនាញ និងពាណិជ្ជករ ត្រូវបាននិរទេសទៅឯបាប៊ីឡូន។ បន្ទាប់ពីបួនឬប្រាំឆ្នាំ នៅពេលអេសេគាលហៀបនឹងមានអាយុសាមសិបឆ្នាំហើយនោះ ព្រះជាម្ចាស់បានត្រាស់ហៅគាត់អោយធ្វើជាហោរាម្នាក់។ ការនេះកើតឡើងមុនពេលការបំផ្លាញទីក្រុងយេរូសាឡិមចុងក្រោយក្នុងឆ្នាំ៥៨៧/៦មុនគ.ស។
- ឈ្មោះរបស់អេសេគាលមានន័យថា «ព្រះផ្តល់កំឡាំង» ដែលសមស្របសំរាប់បុរសម្នាក់ ដែលព្រះបានត្រាស់ហៅអោយប្រកាសព្រះបន្ទូលសំរាប់មនុស្សមួយក្រុម ដែលបាប៊ីឡូនបានចាប់យកនៅពេលនិរទេស។ ជនជាតិយូដា ដែលត្រូវបាននិរទេស គឺបានសង្ស័យអំពីអំណាចព្រះចេស្តានិងសេចក្តីយុត្តិធម៌របស់ព្រះ។ តើព្រះរបស់បាប៊ីឡូនមានអំណាចខ្លាំងក្លាជាងឬ? ទេ។ សាររបស់អេសេគាលប្រកាសថា ព្រះនឹងបំផ្លាញទីក្រុងយេរូសាឡិមនិងព្រះវិហារ ហើយសូម្បីតែការនិរទេសគឺជាសកម្មភាពរបស់ព្រះដែរ គឺជាការដាក់ទណ្ឌកម្មរបស់ព្រះលើរាស្ត្ររបស់ទ្រង់ ហើយព្រះក៏គង់នៅជាមួយនឹងរាស្ត្ររបស់ទ្រង់ក្នុងការនិរទេសនេះផងដែរ។ ព្រះមិនបានបោះបង់ពួកគេចោលទេ គឺទ្រង់នឹងស្តាពួកគេឡើងវិញ។ អេសេគាលបានទទួលនិមិត្តដ៏អស្ចារ្យ។ ទីមួយ គឺអំពីព្រះធ្វើចលនាជុំវិញបល្ល័ង្ករទេះមួយ ដែលមានកង់បែរទៅគ្រប់ទិស ហើយកង់នីមួយៗមានភ្នែក។ និមិត្តមួយទៀត អំពីច្រកភ្នំមួយ ដែលពេញដោយឆ្អឹងស្ងួតហួតហែង ដែលទទួលបានរូបកាយនិងជីវិត ហើយបានក្លាយជាកងទ័ពដ៏ខ្លាំងពូកែមួយកង។ គាត់ទទួលបាននិមិត្តដ៏អស្ចារ្យអំពីព្រះវិហារថ្មីមួយ។ អេសេគាលតែងតែយកចិត្តទុកដាក់ចំពោះអ្វី ដែលព្រះកំពុងធ្វើ នៅក្នុងការដាក់ទណ្ឌកម្មយូដា ការដួលរលំរបស់ទីក្រុងយេរូសាឡិម និងការបំផ្លាញព្រះវិហារផងដែរ។ ថ្វីបើ អេសេគាលរស់នៅបាប៊ីឡូនក៏ដោយ ក៏គាត់នៅតែបានទទួលនិមិត្តអំពីអ្វី ដែលកើតឡើងនៅក្នុងយូដាដែរ។
- ទំនាយជាច្រើនរបស់អេសេគាលមានកាលបរិច្ឆេទច្បាស់លាស់ គឺទំនាយដំបូងគេត្រូវបានប្រកាសនៅក្នុងរដូវក្តៅ នាឆ្នាំ៥៩៣មុនគ.ស ប្រហែលជាបួនឬប្រាំឆ្នាំបន្ទាប់ពីការនិរទេស ហើយទំនាយចុងក្រោយបង្អស់ ត្រូវបានប្រកាសនៅប្រហែល២២ឆ្នាំក្រោយមកទៀត។ (សំរាប់សេចក្តីលំអិតអំពីបរិបទប្រវត្តិសាស្ត្រនៃកណ្ឌអេសេគាល សូមមើលសេចក្តីអធិប្បាយចេញពីអេសេគាលជំពូក ១-៣ដោយលោក Don Carson)។
គម្រោង Outline
ព្រះជាម្ចាស់ប្រគល់មុខការអោយអេសេគាល (១:១-៣:២១)
ការព្រមានអំពីការបំផ្លាញទីក្រុងយេរូសាឡិមដែលត្រូវមកដល់ (៣:២២-២៤:២៧)
ទំនាយទាស់ប្រឆាំងនឹងជាតិសាសន៍ជុំវិញ (២៥:១-៣២:៣២)
និមិត្តអំពីការស្តាឡើងវិញ បន្ទាប់ពីការដួលរលំរបស់ទីក្រុងយេរូសាឡិម (៣៣:១-៤៨:៣៥)
របៀបអានកណ្ឌអេសេគាល How to read Ezekiel
ដើម្បីឲ្យយល់ និងអនុវត្ត កណ្ឌអេសេគាលអោយបានត្រឹមត្រូវ សំខាន់យើងត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បែបនេះបាន យើងត្រូវឆ្លើយនឹងសំនួរប្រាំមួយដូចខាងក្រោម។
១. តើកណ្ឌអេសេគាលទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
២. តើគោលបំណងរបស់កណ្ឌអេសេគាលសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
៣. តើកណ្ឌអេសេគាលទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
៤. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីព្រះ?
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
១. តើកណ្ឌអេសេគាលទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
ព្រះគម្ពីរគឺមានសាច់រឿងធំមួយ ដែលពន្យល់អំពីផែនការរបស់ព្រះចាប់តាំងពីការបង្កបង្កើតរហូតដល់ការបង្កបង្កើតជាថ្មី។ ដំបូងទ្រង់បានបង្កើតគ្រប់សព្វយ៉ាងល្អ ដោយមានអ័ដាមនិងអេវ៉ានៅក្នុងសួនច្បារអេដែន។ ពួកគេគឺជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងក្នុងព្រះពររបស់ព្រះ។ នេះគឺជាគោលដៅរបស់ព្រះសំរាប់ការបង្កបង្កើត។ ពួកគេមិនបានស្តាប់បង្គាប់ ហើយត្រូវបានបណ្តេញចេញពីសួនច្បារ ដែលជាទីបរិសុទ្ធរបស់ព្រះ។ ព្រះគម្ពីរនិយាយអំពីផែនការរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សចេញពីលទ្ធផលនៃការបះបោរនេះ ហើយស្ដារនគររបស់ទ្រង់ឡើងវិញ ដែលជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ ដូច្នេះ ព្រះបានជ្រើសរើសអ័ប្រាហាំ ហើយបានសន្យាថា ទ្រង់នឹងធ្វើអោយគាត់ក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយពួកគេនឹងទទួលបានទឹកដីសន្យា។ តាមរយៈពូជពង្សរបស់អ័ប្រាហាំ ព្រះនឹងប្រទានពរដល់លោកិយ (លោកុប្បត្ដិ ១២:៣)។ ពួកគេត្រូវតែជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ ។ ទ្រង់នឹងគង់ក្នុងចំណោមពួកគេ ដូច្នេះអ៊ីស្រាអែលនៅក្នុងទឹកដីសន្យាគឺអេដែនថ្មី ដែលជាទីបរិសុទ្ធថ្មី (សូមមើល លោកុប្បត្ដិ ១៣:១០)។ ព្រះបានមានបន្ទូលនៅក្នុងនិក្ខមនំ ១៩:៤-៦ ថា ទ្រង់បានជ្រើសរើសអ៊ីស្រាអែលធ្វើជារាស្ត្រពិសេសរបស់ទ្រង់ ហើយក្នុងចោទិយកថា ៤ ចែងថា ពួកគេត្រូវធ្វើជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់។ ចោទិយកថា ២៨ ប្រកាសបណ្តាសារបស់សម្ព័ន្ធមេត្រីថា បើសិនអ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះ និងមិនធ្វើតាមការត្រាស់ហៅរបស់ព្រះចំពោះខ្លួនទេ នោះព្រះនឹងបញ្ជូនពួកគេចេញពីទឹកដី។ នៅក្នុង២សាំយូអែល ៧ ព្រះបានមានព្រះបន្ទូលសន្យាដ៏អស្ចារ្យ ជាមួយនឹងស្តេចដាវីឌថា ពូជពង្សមួយរបស់ស្តេចដាវីឌនឹងសោយរាជ្យនៅលើបល្ល័ង្កជារៀងរហូត។ ទ្រង់ក៏បានសន្យាផងដែរថា ពូជពង្សរបស់ស្តេចដាវីឌនឹងសាងសង់ព្រះវិហាររបស់ព្រះនៅក្នុងយេរូសាឡិម។ មុនដំបូងសេចក្តីសន្យានេះត្រូវបានបំពេញសំរេចជាដំបូងតាមរយៈស្តេចសាឡូម៉ូន ដែលបានសាងសង់ព្រះវិហារ។ បន្ទាប់ពីស្តេចសាឡូម៉ូនមក នគរត្រូវបានបែងចែកជាពីរផ្នែក គឺនគរខាងជើងហៅថា អ៊ីស្រាអែល ហើយនគរខាងត្បូងហៅថា យូដា ដែលមានក្រុងយេរូសាឡិមជារាជធានី។ ការផ្ដាច់សម្ព័ន្ធមេត្រីនិងការថ្វាយបង្គំរូបព្រះបាននាំទៅដល់ពេលវេលា ដែលអ៊ីស្រាអែលធ្លាក់ចុះ។ ទោះបីជាមានស្តេចមួយចំនួនដូចជា ស្តេចហេសេគា និងយ៉ូសៀស ប៉ុនប៉ងធ្វើកំណែទម្រង់ក៏ដោយ ក៏ដំណើរការនៃការធ្លាក់ចុះមិនអាចត្រឡប់ថយក្រោយបានដែរ ហើយពួកគេត្រូវបញ្ចប់ដោយការវិនាសនៃសញ្ញដែលមើលឃើញទាំងអស់នៃសម្ព័ន្ធមេត្រីរបស់អ៊ីស្រាអែលជាមួយនឹងព្រះ ដូចជា យេរូសាឡិម និងព្រះវិហារ។
ចំនុចទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីយល់កណ្ឌអេសេគាល។ ហោរាអេសេគាលបានប្រកាសថា អ៊ីស្រាអែលមិនបានធ្វើតាមការត្រាស់ហៅរបស់ខ្លួន ក្នុងការធ្វើជាជាតិសាសន៍បរិសុទ្ធ និងធ្វើជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់នោះទេ ដូច្នេះ ព្រះពិតជានឹងដាក់ការជំនុំជំរះលើពួកគេ ហើយនិងបញ្ជូនពួកគេចេញពីទឹកដី។ ដូច្នេះ ការជំនុំជំរះ ដែលព្រះបានប្រកាសតាមរយៈហោរាអេសេគាល ត្រូវបានព្រមានរួចហើយនៅក្នុងកណ្ឌចោទិយកថា។ ការព្រមានពីសម័យមុនទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃការប្រកាសរបស់ហោរាអេសេគាល។ សេចក្តីសន្យារបស់ព្រះនឹងស្តេចដាវីឌគឺជាមូលដ្ឋានគ្រឹះនៃសេចក្តីសន្យា ដែលព្រះប្រកាសតាមរយៈហោរាអេសេគាល ទាក់ទងនឹងពូជរបស់ស្តេចដាវីឌ។
ព្រះវិហារគឺជាផ្នែក ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ក្នុងការជួយអោយយើងយល់កណ្ឌអេសេគាល។ អេសេគាលគឺជាសង្ឃម្នាក់ ដូច្នេះហើយគាត់ចាប់អារម្មណ៍លើព្រះវិហារជាពិសេស។ ព្រះវិហារគឺជាកន្លែង ដែលព្រះនាមរបស់ព្រះគង់នៅ (ចោទិយកថា ១២:១១; ២សាំយូអែល ៧:១៣) តំណាងអោយវត្តមានរបស់ព្រះនៅចំណោមរាស្ត្ររបស់ទ្រង់ និងបង្ហាញសេចក្តីបរិសុទ្ធរបស់ព្រះទៅដល់រាស្ត្ររបស់ទ្រង់។ ផ្ទៃរឿងទាំងអស់នេះសំខាន់ខ្លាំងណាស់នៅក្នុងកណ្ឌអេសេគាល។
២. តើគោលបំណងរបស់កណ្ឌអេសេគាលសម្រាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
ជាដំបូង ហោរាអេសេគាលបានព្រមានយូដាថា ការវិនិច្ឆ័យរបស់ព្រះនឹងមកជាពិត។ គាត់ក៏បានប្រាប់ផងដែរថា អនាគតគេនឹងពោរពេញដោយសេចក្ដីសង្ឃឹម ពីព្រោះព្រះនឹងសម្រេចតាមព្រះបន្ទូលសន្យាជាមួយស្តេចដាវីឌ (២សាំយូអែល ៧) ហើយនឹងបញ្ជូនបុត្រារបស់ស្តេចដាវីឌអោយមកគ្រប់គ្រងនិងប្រទានសេចក្តីសង្គ្រោះ ហើយតាមរយៈបុត្រានោះ ព្រះនឹងប្រទានព្រះវិញ្ញាណរបស់ព្រះ។ និមិត្តពីដើមដំបូងដល់ចុងបញ្ចប់បង្ហាញថា ព្រះនៅតែគង់នៅជាមួយរាស្ត្ររបស់ទ្រង់។ ទោះបីជាវត្តមានរបស់ទ្រង់បានចាកចេញពីព្រះវិហារនៅក្នុងទីក្រុងយេរូសាឡិមក៏ដោយ ក៏ទ្រង់គង់នៅជាមួយរាស្ត្ររបស់ទ្រង់នៅក្នុងបាប៊ីឡូន ហើយទ្រង់សន្យាប្រទានអនាគតដ៏អស្ចារ្យមួយ ដែលទ្រង់នឹងគង់នៅជាមួយរាស្ត្ររបស់ទ្រង់ (អេសេគាល ៤៨:៣៥)។
៣. តើកណ្ឌអេសេគាលទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
មានរបៀបជាច្រើន ដែលកណ្ឌអេសេគាលទាក់ទំនងនឹងកណ្ឌផ្សេងៗ ដែលមានបន្ទាប់ពីវា។ នៅពេលពួកហោរាទាយអំពីការស្តាអ៊ីស្រាអែលនិងយូដាឡើងវិញ នៅក្នុងរបៀបផ្សេងៗ ពួកហោរា ដែលសរសេរកណ្ឌគម្ពីរ ប្រកាសអំពីសេចក្តីសង្ឃឹមដែលស្តីពីអ្វីដែលព្រះនឹងធ្វើនៅក្នុងអនាគត ដោយប្រើរូបភាពចេញពីអ្វីដែលទ្រង់បានធ្វើនៅក្នុងអតីតកាល។
ដូច្នេះ សេចក្តីសង្ឃឹមសំរាប់រាស្ត្ររបស់ព្រះត្រូវបានបង្ហាញតាមរយៈនិមិត្ត ដែលទាក់ទងនឹងព្រះវិហារ ដែលរាស្ត្ររបស់ព្រះបានមានពីអតីតកាល។ ព្រះវិហារថ្មីនឹងមានភាពស្រដៀងគ្នានឹងព្រះវិហារ ដែលពួកគេបានមានតាំងពីមុន ប៉ុន្តែមានលក្ខណៈអស្ចារ្យខ្លាំងជាង។ រូបភាពខ្លះអំពីការបង្កបង្កើតថ្មីនៅក្នុងវិវរណៈ ២១-២២ ចេញមកពីនិមិត្តរបស់អេសេគាលអំពីព្រះវិហារថ្មីនៅក្នុងជំពូក៤០-៤៨។
អេសេគាល ៣៦-៣៧ ប្រកាសអំពីពេលអនាគត ដែលព្រះនឹងប្រទានអោយរាស្ត្ររបស់ទ្រង់នូវចិត្តថ្មីនិងជីវិតថ្មីតាមរយៈព្រះវិញ្ញាណរបស់ទ្រង់។ ការនេះត្រូវបានបំពេញសំរេចនៅក្នុងសម្ព័ន្ធមេត្រីថ្មី នៅពេលព្រះចាក់បង្ហូរព្រះវិញ្ញាណមក ដែលជាសេចក្តីសន្យានៃសម្ព័ន្ធមេត្រីថ្មី (ម៉ាថាយ ៣:១១; យ៉ូហាន ៣:១-៨; កិច្ចការ ២:៣៣; កាឡាទី ៣:១៤)។
ការចាក់បង្ហូរព្រះវិញ្ញាណនេះនាំអោយរាស្ត្ររបស់ព្រះលែងប្រមាថដល់ព្រះនាមរបស់ទ្រង់ទៀតហើយ ប៉ុន្តែថ្វាយសិរីល្អដល់ព្រះនាមរបស់ទ្រង់វិញ (៣៦:២០-២៣)។ គ្រីស្ទបរិស័ទទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះយើងអាចថ្វាយសិរីល្អដល់ព្រះនាមរបស់ទ្រង់បាន។ សិរីរុងរឿងនៃព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់មានសារៈសំខាន់ខ្លាំងបំផុតសំរាប់យើង (ម៉ាថាយ ៦:៩; រ៉ូម ១៥:៩; អេភេសូរ ១:១២; ១ពេត្រុស ២:៩; ៤:១១)។
អេសេគាល ៣៤:២៣-២៤ និង៣៧:២៤-២៥ ប្រាប់អំពីព្រះប្រទានអ្នកបំរើរបស់ទ្រង់ គឺ (ពូជ) ស្តេចដាវីឌ ជាអ្នកគង្វាលនិងជាស្តេចលើរាស្ត្ររបស់ទ្រង់។ ការនេះត្រូវបានបំពេញសំរេចយ៉ាងច្បាស់លាស់ដោយព្រះយេស៊ូវ ដែលជាបុត្រារបស់ស្តេចដាវីឌ (ម៉ាថាយ ១:១; យ៉ូហាន ១០:១១-១៤; ១៩:១៩)។
៤. តើកណ្ឌអេសេគាលបង្រៀនយើងអ្វីខ្លះអំពីព្រះ?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌអេសេគាលបង្រៀនថា
- «ពួកគេនឹងទទួលស្គាល់ថា អញនេះជាព្រះយេហូវ៉ា (ព្រះអម្ចាស់) ពិត» គឺជាឃ្លាមួយដ៏សំខាន់នៅក្នុងកណ្ឌអេសេគាលដែលបានលេចឡើងច្រើនដង (៦:៧,១០,១៣,១៤; ៧:៤,២៧; ១១:១០,១២; ១២:១៥,១៦,២០; ១៣:១៤,២១,២៣; ១៤:៨; ១៥:៧; ១៦:៦២; ២០:២០,២៦,៣៨,៤២,៤៤; ២២:១៦; ២៤:២៧; ២៥:៥,៧,១១,១៧; ២៦:៦; ២៨:២២,២៣,២៦; ២៩:៦,៩,២១; ៣០:៨,១៩,២៥,២៦; ៣២:១៥; ៣៣:២៩; ៣៤:២៧; ៣៥:៤,៩,១៥; ៣៦:១១,២៣,៣៨; ៣៧:៦,១៣; ៣៨:២៣; ៣៩:៦,២២,២៨)។ គំនិតចំបងតាមអត្ថបទទាំងនេះគឺថា ព្រះនឹងបើកសំដែងអង្គទ្រង់ជាព្រះដ៏ពិត ដោយការប្រកាសអំពីអនាគតនិងអ្វី ដែលទ្រង់នឹងធ្វើ ហើយបន្ទាប់មកទ្រង់ធ្វើការនោះ។ នៅពេលមនុស្សមើលឃើញថា ទ្រង់បានធ្វើតាមអ្វី ដែលទ្រង់បានមានបន្ទូលពីមុន ហើយថា ទ្រង់គ្រប់គ្រងលើប្រវត្តិសាស្ត្ររបស់មនុស្ស នោះបើកសំដែងថា ទ្រង់គឺជាព្រះដ៏ពិត។ ចំនុចនេះក៏ផ្តល់មូលដ្ឋានគ្រឹះសំរាប់ជំនឿរបស់យើងផងដែរ ពីព្រោះយើងមើលនៅក្នុងព្រះគម្ពីរ យើងឃើញថា ព្រះតែងតែបានធ្វើតាមអ្វី ដែលទ្រង់បានទាយជាមុនថា ទ្រង់នឹងធ្វើ។
- ព្រះស្អប់ការថ្វាយបង្គំរូបព្រះ (៥:៩; ៦:៤-៩; ៨:៣-៥; ១១:២១; ១៤:៣-៧; ២៣:៣០; ៣០:១៣; ៣៦:១៨; ៣២:៣៤; ៥១:១៧,៤៧,៥២)។
- ព្រះជាម្ចាស់គង់ជាមួយរាស្រ្តរបស់ព្រះ (៤៨:៣៥)។
- ព្រះយកព្រះទ័យទុកដាក់ចំពោះព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ (២០:៩,១៤,២២,៣៩,៤៤; ៣៦:២០-២៣; ៣៩:៧,២៥; ៤៣:៧-៨)។
- ព្រះទ្រង់ស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ ទោះបីជា វាមើលទៅហាក់ដូចជាមិនស្មោះត្រង់យោងទៅតាមបទពិសោធន៍របស់យើងក្តី (គិតអំពីសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះស្តេចដាវីឌ។ ពួកអ៊ីស្រាអែលរិះគិតថា ប្រហែលជាព្រះជាម្ចាស់មិនស្មោះត្រង់)។
- ព្រះទ្រង់បរិសុទ្ធ និងទតឃើញគ្រប់ទាំងអស់ ហើយដាក់ទណ្ឌកម្មចំពោះអំពើបាប។
- ព្រះជាម្ចាស់គ្រប់គ្រងប្រវត្តិសាស្ត្ររបស់មនុស្សជាតិដោយព្រះបន្ទូលរបស់ទ្រង់។ ព្រឹត្តិការណ៍ដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌអេសេគាលគឺជាសកម្មភាពរបស់ព្រះ។
- ព្រះអង្គមានបន្ទូលមកកាន់រាស្ត្ររបស់ទ្រង់ ហើយពន្យល់អំពីផែនការរបស់ទ្រង់សំរាប់លោកិយ។
- ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបានបញ្ជូនពួកហោរារបស់ទ្រង់មកឯរាស្ត្ររបស់ទ្រង់ ដើម្បីប្រាប់ពួកគេអោយប្រែចិត្ត (៣៣:១១)។ ដូចគ្នាផងដែរ សព្វថ្ងៃនេះ ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបញ្ជូនគ្រីស្ទបរិស័ទទៅក្នុងលោកិយ ដើម្បីប្រកាសដំណឹងល្អអោយមនុស្សបានជឿលើព្រះយេស៊ូវ និងងាកបែរមករកទ្រង់វិញ។
- ព្រះជាម្ចាស់ស្អប់និមិត្តហេតុដែលឥតបានការ ហើយពាក្យទស្សន៍ទាយកុហក (១២:២៤; ១៣:៦-៩,២៣; ២២:២៨)។
- ព្រះប្រទានចិត្តថ្មីដោយព្រះវិញ្ញាណបរិសុទ្ធ (១១:១៩; ៣៦:២៦)។
- ចិត្តរបស់យើងអាក្រក់ខ្លាំងណាស់ ដូច្នេះយើងត្រូវការអោយព្រះប្រទានចិត្តថ្មីមួយដល់យើង។
- មនុស្សបះបោរប្រឆាំងនឹងព្រះ ហើយសមនឹងទទួលទណ្ឌកម្មពីទ្រង់។
- មនុស្សចូលចិត្តថ្វាយបង្គំរូបព្រះ។ យើងដើរតាមរូបព្រះផ្សេងៗដោយលឿនជាងការដើរតាមព្រះដ៏ពិត។
- ព្រះបន្ទូលរបស់ព្រះលើកទឹកចិត្តមនុស្សអោយវិលមកទ្រង់វិញ (៣៣:១១)។
- នៅពេលមនុស្សភ្លេចព្រះហើយតាមរូបព្រះ នោះសីលធម៌របស់ពួកគេធ្លាក់ចុះ។
- មនុស្សលាយឡំការថ្វាយបង្គំព្រះដ៏ពិតជាមួយការថ្វាយបង្គំរូបព្រះដោយងាយស្រួល។ យើងមើលឃើញការនេះតាមរយៈរូបព្រះផ្សេងៗនៅក្នុងព្រះវិហារ (ឧទាហរណ៍ ៨:៥-១៦)។
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
កណ្ឌអេសេគាលទាក់ទងនឹងជីវិតរបស់យើងនៅសព្វថ្ងៃនេះនៅក្នុងរបៀបជាច្រើន។
១. ជាដំបូង យើងត្រូវតែមើលឃើញថា កណ្ឌអេសេគាលទាក់ទងនឹងជីវិតរបស់យើង តាមរយៈព្រះយេស៊ូវ។ គ្រប់ទំនាយនិងសេចក្តីសន្យាទាំងអស់អំពីព្រះយេស៊ូវ ដែលបានលើកឡើងនៅចំណងជើងទី៣ខាងលើ បង្ហាញអំពីរបៀបដែលកណ្ឌអេសេគាលមានការអនុវត្តចំពោះយើង។ យើងមានសេចក្តីសង្ឃឹមនិងសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវ ដែលជាបុត្រារបស់ស្តេចដាវីឌ ដែលគ្រប់គ្រងលើយើង។
២. តើយើងត្រូវការនូវការសង្គ្រោះចេញពីអ្វី? ជារឿយៗ គ្រីស្ទបរិស័ទអាចនិយាយថា ព្រះសង្គ្រោះយើងចេញពីអំពើបាបរបស់យើង ប៉ុន្តែនេះពិតជាមានន័យយ៉ាងដូចម្តេច? អេសេគាលបង្ហាញថា វាមានន័យថា យើងត្រូវការបានសង្គ្រោះចេញពីសេចក្តីក្រោធរបស់ព្រះចំពោះអំពើបាបរបស់យើង។ ព្រះយេស៊ូវធ្វើការនេះ (រ៉ូម ៥:៩)។
៣. អេសេគាលបង្ហាញថា ព្រះសង្គ្រោះរាស្ត្ររបស់ទ្រង់ដោយសារព្រះគុណរបស់ទ្រង់ និងសំរាប់ជាសិរីរុងរឿងរបស់ទ្រង់តែប៉ុណ្ណោះ។ ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី យើងក៏មើលឃើញថា យើងបានសង្គ្រោះដោយសារព្រះគុណរបស់ទ្រង់និងសំរាប់ជាសិរីល្អរបស់ទ្រង់តែប៉ុណ្ណោះផងដែរ (អេភេសូរ ២:៨-១០)។
៤. វត្តមានរបស់ព្រះក្នុងចំណោមរាស្ត្ររបស់ទ្រង់គឺជាផ្ទៃរឿងដ៏សំខាន់មួយ។ យ៉ូហាន ១:១៤ បង្ហាញថា ព្រះគង់នៅចំណោមរាស្ត្ររបស់ទ្រង់តាមរយៈព្រះយេស៊ូវ ហើយវិវរណៈ ២១-២២ ប្រើនិមិត្តអំពីព្រះវិហារថ្មីនៅក្នុងអេសេគាល ៤០-៤៨ តាមរយៈព្រះយេស៊ូវ។ នេះមានន័យថា ព្រះយេស៊ូវនឹងបំពេញសំរេចសេចក្តីសង្ឃឹមអំពីព្រះវិហារនាពេលអនាគតនេះ នៅពេលទ្រង់យាងត្រឡប់មកវិញ ហើយព្រះគង់នៅជាមួយរាស្ត្ររបស់ទ្រង់ (វិវរណៈ ២១:៣)។
៥. ការត្រាស់ហៅរបស់អេសេគាលសំខាន់ណាស់សំរាប់យើងនាសព្វថ្ងៃនេះ។ ព្រះបានប្រទានកំឡាំងដល់គាត់អោយប្រកាសព្រះបន្ទូលរបស់ព្រះដោយស្មោះត្រង់ទៅកាន់មនុស្ស ដែលមិនចង់ស្តាប់ព្រះរាជសាររបស់ព្រះ។ នៅសព្វថ្ងៃនេះព្រះក៏ប្រទានអោយយើងនូវកំឡាំងផងដែរ។ (ដើម្បីរៀនបន្ថែមអំពីចំនុចនេះ សូមមើលសេចក្តីអធិប្បាយចេញពីអេសេគាលជំពូក ១-៣របស់លោក Don Carson)។
Leave a Reply